ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី គ្រូបង្គោលការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “គ្រូបង្គោលការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ”។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ជាកិច្ចចាប់ផ្ដើម លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងប្រធានក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាល ដោយបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល លើការបញ្ច្រាបយេនឌ័រ ក្នុងវិស័យអភិវឌ្ឍន៍ជនបទនេះ មានចំនួន ៣វគ្គ មានសិក្ខាកាមសុរបចំនួន ៧៣នាក់ស្រី ៥០នាក់។ វគ្គបណ្តុះបណ្តាលទាំង ៣ នេះ មានគោលបំណងបណ្តុះបណ្តាលគ្រូឧទ្ទេសប្រចាំអង្គភាពថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី ខេត្ត និងគ្រូបង្គោលប្រចាំក្រសួង បន្តវេនពីគ្រូបង្គោលជាន់ខ្ពស់ ដើម្បីបន្តការផ្សព្វផ្សាយការបញ្ជ្រាបយេនឌ័រទៅក្នុងកម្មវិធីនានានៅសហគមន៍ជនបទ និងដើម្បីបង្កើនបណ្តាញក្រុមការងារយេនឌ័រ ប្រែក្លាយពីការបញ្ជ្រាបយេនឌ័រទៅជាបរិវត្តកម្មយេនឌ័រតាមវិស័យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ក្រុមការងារយេនឌ័រទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រ និងកិច្ចសហការដ៏ល្អពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាគ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែក និងផ្តល់ជាមតិយោបល់ផ្សេងៗ ដែលជំរុញឱ្យការងារបញ្ជ្រាបយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទកាន់ល្អប្រសើរឡើងជាលំដាប់។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបរវាធីបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី ក៏ដូចជាសមភាពយេនឌ័រ នៅទូទាំងប្រទេស តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពរួម ជាមួយនឹងយន្តការ និងបទដ្ឋានគតិយុត្តនានាជាច្រើន និងបានកំណត់យកការងារអាទិភាព ដោយបន្តកំណត់ “ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី នៅគ្រប់វិស័យ” ។ ជាមួយគ្នានោះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការងារលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ ក្នុងការបង្កើនចំនួនមន្ត្រីរាជការជាស្ត្រីទទួលបានមុខងារ និងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់អង្គភាពចំណុះក្រសួង និងបានលើកទឹកចិត្តមន្ត្រីរាជការជាស្ត្រីនៅតាមគ្រប់រូបភាព។ ជាំក់ស្ដែង ក្រសួងបានធ្វើពិធីប្រកាសចូលកាន់មុខដំណែងថ្នាក់ដឹកនាំដែលជាស្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលនេះជាបញ្ចាំង អំពីការយកចិត្តទុកដាក់ខ្ពស់លើការងារលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានសំណូមពរដល់សិក្ខាកាម ដែលទទួលបាននូវចំណេះដឹងនាពេលនេះ ចូលរួមសហការ និងផ្សព្វផ្សាយបន្ថែម ឱ្យកាន់តែទូលំទូលាយនៅក្នុងស្ថាប័នរបស់ខ្លួន និងមន្ត្រីដែលពាក់ព័ន្ធ ដើម្បីឱ្យការយល់ដឹងលើការបញ្ជ្រាបយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទកាន់តែប្រសើរ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិស្ត្រី ព្រមទាំងបានផ្ដល់អនុសាសន៍មួយចំនួនដើម្បីឱ្យការអនុវត្តការងារបញ្ជ្រាបយេនឌ័រប្រកបដោយប្រសិទ្ធភាព និងគុណភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ