
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលស្តីពី “ការបណ្ដុះបណ្ដាលគ្រូបង្គោល ពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ”
- ៤ ថ្ងៃមុន ថ្ងៃទី២៦ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ចំនួន ១១៦រូប ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ ការពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ដោយជោគជ័យ។ អញ្ជើញចូលរួមក្នុងពិធីបិទនេះផងដែររួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញ ព្រមទាំងសិក្ខាកាមសរុប ១៣០នាក់។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាល ដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថាវគ្គបណ្តុះបណ្តាលនេះបានដំណើរការរយៈពេល ១ថ្ងៃពេញ ដោយមានបទបង្ហាញ ផ្ដោតលើប្រធានបទសំខាន់ៗ ចំនួន ៥ រួមមាន៖ ទី១.គោលគំនិតនៃការអភិវឌ្ឍសហគមន៍ និងភូមិ, ទី២.ភាពជាអ្នកដឹកនាំកម្រិតសហគមន៍ , ទី៣.ការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ, ទី៤.ការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍ភូមិ, និងទី៥.ការសម្របសម្រួលរបស់គ្រូតាមសហគមន៍ ព្រមទាំងមានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកយ៉ាងផុលផុស។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការអបអរសាទរដល់សិក្ខាកាមជាមន្ត្រីរាជការមកពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ប្រកបដោយយកចិត្តទុកដាក់ ក្រេបបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ សំដៅប្រែក្លាយខ្លួនទៅជាគ្រូបង្គោលសម្រាប់ការងារអភិវឌ្ឍន៍សហគមន៍ក៏ដូចជាការងារអភិវឌ្ឍន៍ “ភូមិគំរូ” ប្រកបដោយគុណភាពនិងសមត្ថភាព។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំទទួលបន្ទុកទាំងអស់ និងនាយកដ្ឋានជំនាញ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងប្រកបដោយជោគជ័យ ព្រមទាំងបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំរៀបចំចងក្រងឯកសារ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងារអភិវឌ្ឍន៍សហគមន៍ឌីជីថល និងភូមិគំរូ ឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
– ទី១ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ត្រូវបន្តសហការ ជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ស្របតាមផែនការថវិកាប្រចាំឆ្នាំ
– ទី២ ត្រូវយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយស្មារតីទទួលខុសត្រូវ
– ទី៣ ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ជាពិសេសភូមិដែលកំណត់គោលដៅជា “ភូមិគំរូតន្លឹះ” ដែលក្រសួងបានជ្រើសរើសរួច
– ទី៤ បន្តសហការគ្នាផ្អែកលើអភិក្រម “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” ដើម្បីសម្រេចចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ជនបទគឺ ការកសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌
– ទី៥ ត្រូវយកចំណេះដឹងដែលទទួលបាននៅពេលនេះទៅផ្សព្វផ្សាយបន្ត នៅតាមអង្គភាពសាមីរៀងៗខ្លួន ប្រកបដោយភាពបុរេសកម្មដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕