
ឯកឧត្ដម ប៉ា សុខុម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០២៥ និងពិនិត្យសមិទ្ធផលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង
- ៦ ថ្ងៃមុន ថ្ងៃទី២១ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងឯកឧត្តម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តការងារបន្តនៅត្រីមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោក ជាទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៏ជនបទ លោក ជា សុខរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការមន្ទីរសរុបចំនួន ៦២ រូប ។
បន្ទាប់ពី ឯកឧត្ដម ប៉ា សុខុម មានប្រសាសន៍បើកអង្គប្រជុំរួចមក លោក ជិន រដ្ឋាប្រធានមន្ទីរ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះដែរ គណៈអធិបតី និងសមាជិកអង្គប្រជុំបានអញ្ជើញទៅពិនិត្យមើលការដ្ឋានជីកស្រះសហគមន៍មួយកន្លែង នៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ដែលកំពុងដំណើរការ។ ជាលទ្ធផលសម្រេចបានប្រមាណ ៧% និងបានបន្តដំណើរទៅពិនិត្យមើលស្ពាន១ កន្លែងនៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង កាលពីរដូវវស្សាកន្លងទៅ ៕