លោក យស ស៊ីមករា និងក្រុមការងារបច្ចេកទេស ចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិអបួន ឃុំអបួនលើ និងភូមិសិរីរដ្ឋ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចែលរំលែក

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃចន្ទ- អង្គារ ៤-៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥ លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស ដោយមានការសម្របសម្រួលពី លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក គឹង ឈាន អនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីបង្គោលមន្ទីរ ក្រុមប្រឹក្សាឃុំ  និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិអបួន ឃុំអបួនលើ និងភូមិសិរីរដ្ឋ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

 

ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះ មានគោលបំណង ដើម្បីពិនិត្យលើការអភិវឌ្ឍភូមិគំរូ ដែលបានស្នើសុំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សិក្សាពីសក្តានុពល និងតម្រូវការរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ និងអ្នកពាក់ព័ន្ធ, ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។

 

ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិភូមិគំរូទាំងពីរ ក្នុងខេត្តមណ្ឌលគិរី រួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការវាយតម្លៃ ជាមួយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីកំណត់ និងឯកភាពនូវលទ្ធផលរួមនៃការវាយតម្លៃភូមិគំរូ ថែមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការគណនាប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ