
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការត្រួតពិនិត្យគុណភាពការងារសាងសង់ស្តាឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ
- ៧ នាទីមុន ថ្ងៃទី១២ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណៈកម្មការត្រួតពិនិត្យគុណភាពការងារសាងសង់ស្តាឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងក្រុមការងារនៃ គ.ត.វ.។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និងជាប្រធានលេខាធិការដ្ឋាន គ.ត.វ. បានធ្វើបទបង្ហាញស្ដីពី លទ្ធផលការងារសម្រេចបាន ក៏ដូចជាពិនិត្យលើបញ្ហា និងការប្រឈមនានា ក្នុងឆ្នាំ២០២៤ និងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ និងការដាក់ចេញទិសដៅការងារបន្ដ របស់ គ.ត.វ.។ បន្ទាប់ពីបានស្ដាប់ការធ្វើបទបង្ហាញរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារឱ្យសម្រេចបានលទ្ធកាន់តែប្រសើរឡើង ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំ ដើម្បីផ្ដល់មតិយោបល់ និងដំណោះស្រាយនានា ក្នុងគោលបំណង ឱ្យការអនុវត្តតួនាទី និងភារកិច្ចត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ការជួសជុល និងស្ថាបនាឡើងវិញ មានប្រសិទ្ធភាព ដើម្បីធានានូវចីរភាពក្នុងការប្រើប្រាស់ ពិសេសគឺមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញឱ្យបន្ដខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ច ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានានូវគុណភាពផ្លូវជនបទ និងសំណង់សិល្បការ្យស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%៕