
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
- ១៩ ម៉ោងមុន ថ្ងៃទី១១ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកសហគមន៍រួច ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមានការចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍភូមិសន្ដិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ភូមិតេជោភ្នំឆ័ត្រស្ថិតនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១ ២៧៥ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ៦៥០ហិកតា, ផ្ទៃដីធ្វើកសិកម្ម ៣០០ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៣០០ហិកតា ដែលមានខ្នងផ្ទះចំនួន ៦៥០ខ្នងផ្ទះ សើ្មនឹង ៧៩៥គ្រួសារ និងមានហេដ្ធារចនាសម្ព័ន្ធដូចជា៖ ផ្លូវកៅស៊ូ , ផ្លូវក្រួសក្រហម, សាលារៀនបឋមសិក្សា អនុវិទ្យាល័យ, មន្ទីរពេទ្យយោធិពិការ ៣១៧, អណ្តូងស្នប់ ៨៤អណ្តូង, ស្រះទឹករួមចំនួន ២ និងអាងទឹកចំនួន ១កន្លែង។ តាមរយៈការអនុវត្តគម្រោងភូមិសន្ដិភាព ភូមិតេជោភ្នំឆ័ត្រ មានក្រុមកសិករចំនួន ៣ក្រុម សមាជិកសរុប ៧៥នាក់ ក្នុងនោះក្រុមបន្លែចំនួន ២ក្រុម សមាជិក ៥០នាក់ និងក្រុមដំឡូងមីចំនួន ១ក្រុម សមាជិក ២៥នាក់ មានរោងដាំបន្លែចំនួន ២រោងសំណាញ់ ព្រមទាំងមានទីកន្លែងលក់បន្លែសហគមន៍ ៣កន្លែង ដែលមានសមាជិកលក់បន្លែសរុប ១០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យសមិទ្ធផលនៃការអនុវត្តគម្រោងនៅក្នុងសាលាបឋមសិក្សាស្វាយចេក ដែលរួមមាន៖ បង្គន់អនាម័យបរិយាបន្ន ២ខ្នង មានចំនួន ៦បន្ទប់ និង មានអាងបេតុងស្ដុកទឹក ១កន្លែងផងដែរ ។
សូមបញ្ជាក់ជូនផងដែរថា គម្រោងភូមិសន្តិភាព ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួមមាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ទីតាំងទាំងនេះ កាលពីអតីតកាលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារគ្រឿងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់ឱ្យមានការអភិវឌ្ឍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរសប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ន៕