
លោក អឿន ធារិទ្ធ ដឹកនាំក្រុមការងារជំនាញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ចុះផ្ទៀងផ្ទាត់លទ្ធផល វាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅខេត្តត្បូងឃ្មុំ
- ៤ ថ្ងៃមុន ថ្ងៃទី៨ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២០៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមសម្របសម្រួលពី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញមន្ទីរ ក្រុមប្រឹក្សាឃុំ គណៈកម្មាធិការអភិវឌ្ឍន៍ភូម(គ.អ.ភ) មន្រ្តីកសិកម្មឃុំ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ និងភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា៖ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យ ពីការអភិវឌ្ឍរបស់ភូមិគំរូ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងសិក្សា ពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពី ប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃ លក្ខណៈសម្បត្តិភូមិគំរូទាំង២ភូមិក្នុងខេត្តត្បូងឃ្មុំរួចមក ក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃ នេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ថ្នាក់ភូមិគំរូ ព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូល ប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធព័ត៌មានវិទ្យា។