ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញជាសហប្រធានដឹកនាំប្រជុំ ប្រចាំខែលើកទី៦ ក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ(កសិកម្ម-ទឹក-ជនបទ)

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហ ប្រធាន ដឹកនាំប្រជុំប្រចាំខែលើកទី៦ ក្រុមការងារបច្ចេកទេសលេខាធិការដ្ឋាន ត្រី-វិស័យ (កសិកម្ម-ទឹក-ជនបទ) នៅសាលប្រជុំរំដួល នៃទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី ឯកឧត្តម សហប្រធាន ឯកឧត្តម ហ៊ន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ដដា រដ្ឋលេខាធិកា ក្រសួងធនធានទឹក និងឧតុនិយមហើយក៏មានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រី-វិស័យ មានវត្តមានសរុបចំនួន ២០រូប ស្រ្តី២រូប ។

 

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សា និងឯកភាពលើសេចក្តី ព្រាងផែនការ៣ឆ្នាំរំកិល និងផែនការសកម្មភាពគាំទ្រសហគមន៍ លើគោលដៅនៃជំហានទី១ និងផែនការសកម្មភាពក្រុមការងារត្រី-វិស័យសម្រាប់ឆ្នាំ២០២៥, ពិភាក្សាកំណត់គោលដៅសហគមន៍ គ្រោងអនុវត្តសកម្មភាពអន្តរាគមន៍ក្នុងជំហានទី១ និងសកម្មភាព ចម្បងៗ នៅក្នុងជំហានទី២ ព្រមទាំងពិភាក្សាលើទម្រង់ មាតិកា និងដំណើរការរៀបចំកែសម្រួលផែនការ។

 

ជាលទ្ធផល កិច្ចប្រជុំបានកំណត់ជាទិសដៅបន្ថែមសម្រាប់ ការរៀបចំ ផែនការសកម្មភាពបន្ត (ផែនការ៣ឆ្នាំរំកិល) និងបានស្នើកំណត់ទីតាំង ចំនួន៥ បន្ថែមសម្រាប់ការអនុវត្តបន្ត, សិក្សា និងស្វែងរកប្រភពថវិកា គាំទ្រដល់ការងារត្រី-វិស័យ ទៅតាមលទ្ធភាពពីប្រភពផ្សេងៗ ដើម្បី ឱ្យដំណើរការអនុវត្តសកម្មភាពប្រកបប្រសិទ្ធភាព និងភាពរលូន, រៀបចំ របាយការណ៍ និងផែនការសកម្មភាពសម្រាប់កិច្ចប្រជុំប្រចាំឆមាស ឆ្នាំ២០២៥ ក្រោមការដឹកនាំពី ឯកឧត្តមរដ្ឋមន្ត្រីសហប្រធាន នៃក្រសួង ទាំងបី។

 

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការសហប្រធានទាំងបី បានថ្លែង អំណរគុណដល់ ឯកឧត្តម លោក លោកស្រី ដែលបានខិតខំជួយ ជ្រោមជ្រែង និងបំពេញការងារត្រី-វិស័យ ដើម្បីសម្រេចបាននូវផែន ការដែលបានគ្រោងទុក សម្រាប់បម្រើដល់ផលប្រយោជន៍ និងតម្រូវការ របស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ កិច្ចប្រជុំបានកំណត់យកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំខែលើកទី៧បន្ត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ