
លោក ទូច ស៊ីផាត បិទវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ការស្ថាបនាផ្លូវជនបទ
- ថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តកំពត ៖ នាថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ ២០២៥ នៅខេត្តកំពត លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ហភកាត់ថា (SAAMBAT) បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពបរិស្ថាននិងសង្គម និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ការស្ថាបនាផ្លូវជនបទ។
លោក ទូច ស៊ីផាត បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃគឺ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ដោយមានសិក្ខាកាមចូលរួមមកពីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត កណ្តាល តាកែវ កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ តំណាងនាយកដ្ឋានផ្លូវលំជនបទ និងមន្ត្រីអនុវត្តគម្រោង SAAMBATសរុប ៤៥នាក់។
លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ទាក់ទិនទៅនិងការអនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មក្នុងនោះមាន ៖
១. ការណែនាំពីបញ្ហាបរិស្ថាន និងការគាំពារសង្គម ការរៀបចំផែនការគ្រប់គ្រងបរិស្ថាន និងសង្គម ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថានបឋម ការរៀបចំផែនការសកម្មភាពយេនឌ័រ និងការវាយតម្លៃ
២. ទិដ្ឋភាពទូទៅនៃការប្រែបួលអាកាសធាតុ គោលការណ៍ណែនាំអំពីការប្រែប្រួលអាកាសធាតុរបស់ របៀបគណនា និងការកំណត់តម្លៃក្នុងការប្រើប្រាស់កម្មវិធី EXCEL ក្នុងការទាញយកព័ត៌មាន និងទិន្នន័យពីក្នុងសៀវភៅណែនាំអំពី ការប្រែប្រួលអាកាសធាតុ៕