
ឯកឧត្តម អ៊ិន ចន្ថា បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោង ការងារស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ក្នុងស្រុក តាលោសែនជ័យ ខេត្តពោធិ៍សាត់
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន ចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងការងារស្តារឡើងវិញផ្លូវក្រាលដី ល្បាយ ក្រួសចំនួន ១ខ្សែ ប្រវែង ៨ ៩០០ម ទទឹង ៥ម កម្រាស់ ០,២ម សាងសង់ លូប្រអប់មុខពីរចំនួន ១កន្លែង លូប្រអប់មុខមួយចំនួន ១កន្លែង លូមូល មុខមួយចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិរហាទិល ទៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ គម្រោងលេខ (DRR-NC-2024-No.036) ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណេះសំណាលដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានិងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំ យកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចចែកជូនដល់មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយនិងថវិកា ១០០០០រៀល និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវរក្សាសន្តិភាព បើគ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍនោះទេ។
មុនបញ្ចប់កម្មវិធីបងប្អូនប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការ អបអរសាទរសប្បាយរីករាយក្នុងការទទួលបានការស្ថាបនាផ្លូវ១ខ្សែនៅពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមសមប្រកបដោយពុទ្ធពរទាំង៥ប្រការ គឺ អាយុ,វណ្ណៈ, សុខៈ, ពលៈ និង បដិភាណៈ ជានិច្ចនិរន្តកុំបីឃ្លាងឃ្លាតឡើយ។