
ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពី ដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចជងដែលនៅមិនទាន់បានកំណត់អត្តសញ្ញាណ ចំនួន០៣ ភូមិ នៅក្នុងខេត្តកោះកុង
- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកោះកុង៖នាថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពី ដំណើរការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចជងដែលនៅមិនទាន់បានកំណត់អត្តសញ្ញាណ ចំនួន០៣ ភូមិ នៅក្នុងខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោកស្រីអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោកប្រធានគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី មន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុកថ្មបាំង លោកមេឃុំប្រឡាយ លោកមេភូមិ ព្រមទាំងក្រុមប្រឹក្សា និងលោកមេភូមិទាំង ៣ ភូមិ សរុបចំនួន ១៩នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីជំរុញ និងលើកទឹកចិត្តដល់សហគមន៍ជនជាតិដើមភាគតិចដទៃទៀត ក្នុងការស្នើសុំទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទលើបងប្អូនជនជាតិដើមភាគតិច៕