
លោកជំទាវ ឯក គន្ធវា បើកការដ្ឋានជួសជុលផ្លូវក្រាលដីល្បាយក្រួសនៅស្រុកលំផាត់
- ១០ នាទីមុន ថ្ងៃទី២៥ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង

ខេត្តរតនគីរី ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាធិបតីក្នុងពិធី បើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ មានប្រវែង ៨,១០០ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅភូមិកាណាងកិត និងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញជួសជុលថែទាំនិងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលំផាត់ លោកអភិបាលរងស្រុកលំផាត់ លោកមេឃុំនិងក្រុមប្រឹក្សាឃុំកាឡែង លោកប្រធានភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៩០នាក់។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ ឯក គន្ធវារី បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្ម ជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវ បានបនតថា យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោកជំទាវ ក៏បានសំណូមពរឱ្យអាជ្ញាធរភូមិឃុំ ស្រុក ខេត្តនិងប្រជាពលរដ្ឋនៅតាមដងផ្លូវសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឱ្យការងារសាងសង់ដំណើរការល្អ។
ក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីជូនដល់ប្រជាពលរដ្ឋដោយម្នាក់ទទួលបានក្រម៉ាមួយ៕