
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន០១ខ្សែមានប្រវែង១៦០០ម៉ែត្រ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
- ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន០១ខ្សែមានប្រវែង១៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង, លូមូលមុខមួយចំនួន ៣កន្លែង និងលូមូលមុខពីរចំនួន ២កន្លែង ស្ថិតនៅភូមិសូភាស ទៅភូមិដីក្រហមឃុំសូភាស និងភូមិតាមើង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញជួសជុលថែទាំនិងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសូភាស លោកអភិបាលស្រុកស្ទឹងត្រង់ លោកមេឃុំនិងក្រុមប្រឹក្សាឃុំសូភាស លោកមេភូមិ និងប្រជាពលរដ្ឋសរុបចំនួន៥៨ នាក់។
នៅក្នុងពិធីសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៥ គឺ៖
១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធ្វើឱ្យគ្រប់ភូមិជនបទមានផ្លូវតភ្ជាប់ និងមានសមាហរណកម្មសេដ្ឋកិច្ចនិងសង្គម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ព្រមទាំងការបណ្តុះបណ្តាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។
៣.អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ ជាពិសេសក្រសួងកំពុងផ្តោត លើការអភិវឌ្ឍភូមិគំរូ ដោយផ្អែកទៅលើសក្តានុពលនិងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅតាមសហគមន៍ជនបទ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
៤.លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតឱកាសការងារ និងមុខរបរ ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។
៥.គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅនិងឌីជីថលការពង្រឹងសមត្ថភាពស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីរាជការ ស្របតាមគោលការណ៍និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីជូនប្រជាពលរដ្ឋដោយម្នាក់ទទួលបានក្រម៉ាមួយផងដែរ។
ជាចុងក្រោយ ឯកឧត្តម បានសំណូមពរឱ្យអាជ្ញាធរភូមិឃុំ ស្រុក ខេត្តនិងប្រជាពលរដ្ឋនៅតាមដងផ្លូវសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឱ្យការងារសាងសង់ដំណើរការល្អ។