ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពផ្លូវជនបទសម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំ ឆ្នាំ២០២៥ ក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម

ចែលរំលែក

ខេត្តក្រចេះ-ស្ទឹងត្រែង-ខេត្តកំពង់ចាម៖ នាថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងនាយកដ្ឋានផ្លូវលំជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ, ស្ទឹងត្រែង និងខេត្តកំពង់ចាម  រៀបចំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យមើលស្ថានភាពផ្លូវជនបទ សម្រាប់អនុវត្តលើការងារថែទាំជាលក្ខណៈប្រចាំ ឆ្នាំ២០២៥ ក្នុងគោលបំណងណែនាំអំពីរបៀបរបបអនុវត្តការងារ និងពង្រឹងគុណភាពក្នុងក្របខ័ណ្ឌនៃការដឹកនាំ,គ្រប់គ្រង, ត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំ។

 

ជារួមក្រុមការងារពិនិត្យឃើញថា ខេត្តទាំង៣នេះ មានការត្រៀមលក្ខណៈសម្បត្តិបានល្អដើម្បីអនុវត្តការងារថែទាំផ្លូវលក្ខណៈប្រចាំ នៅពេលដែលទទួលបានការធានាចំណាយ ដែលក្នុងនោះរួមមាន៖ ការកំណត់ខ្សែផ្លូវទាំង DBST និងផ្លូវក្រាលល្បាយក្រួសបានច្បាស់លាស់ដែលមានការឯកភាពពីគណៈកម្មការអន្តរក្រសួង, ការត្រៀមនូវឧបករណ៍គ្រឿងចក្រផ្សេងៗសម្រាប់មប្រើឱ្យការងារថែទាំប្រចាំបានគ្រប់គ្រាន់, ធនធានទាំងកំលាំងមន្រ្តីបច្ចេកទេស និងសម្ភារគ្រប់គ្រាន់, និងរួមទាំងឯកសារគតិយុត្តដែលពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងនោះដែរ គណៈប្រតិភូបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៃតួផ្លូវ ក្នុងខេត្តក្រចេះ បាន ២ ខ្សែ (DBST), ក្នុងខេត្តស្ទឹងត្រែង បាន ១ខ្សែ (ក្រាលល្បាយក្រួស) និងខេត្តកំពង់ចាមបាន ២ខ្សែ (DBST)។ យោងលើស្ថានភាពជាក់ស្តែងបានបង្ហាញថា ខ្សែផ្លូវទាំងនេះមានការខូចខាត ជាច្រើនកន្លែងក្នុងទម្រង់ដូចជា ស្រុត, ឡើងប៉ោង, ជ្រាល, គ្រលុគសម្បុកមាន់កម្រិតធ្ងន់ (ក្រចេះ) និងដូចធ្វើថ្មី(ស្ទឹងត្រែង), ព្រៃ/មែកឈើតាមសងខាងផ្លូវជាដើម ដែលស្ថានភាពទាំងនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តលើការងារថែទាំជាប្រចាំឱ្យបានទៀតទាត់និងទាន់ពេលវេលា ជៀសវាងការចំណាយធនធានកាន់តែច្រើន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ