
ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
- ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានអភិឌ្ឍន៍សហគមន៍ ដឹកនាំដោយ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋាន និង លោក យស ស៊ីមករា អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស ព្រមទាំងមានការចូលរួមពីលោកមេឃុំ និងគណៈកម្មការអភិវឌ្ឍន៍ភូម(គ.អ.ភ) មន្រ្តីកសិកម្មឃុំ បានចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការចុះផ្ទៀងផ្ទាត់លទ្ធផលវាយតម្លៃនេះមានគោលបំណង ដើម្បីពិនិត្យស្ថានភាពការអភិវឌ្ឍរបស់ភូមិ ដែលបានស្នើដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ព្រមទាំងសិក្សាពីសក្តានុពល និងតម្រូវការបន្ថែមរបស់ភូមិ តាមរយៈការជួបសម្ភាសន៍ជាមួយ គ.អ.ភ ស្វែងយល់ពីប្រភពប្រាក់ចំណូលគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងភូមិ និងពិនិត្យស្ថានភាពទូទៅនៅក្នុងភូមិ។ ក្រោយពីបានចុះផ្ទៀតផ្ទាត់លទ្ធផលវាយតម្លៃលក្ខណៈសម្បត្តិ “ភូមិគំរូ” ទាំង ២ភូមិ ក្នុងខេត្តបន្ទាយមានជ័យ រួចមកក្រុមការងារនាយកដ្ឋានបានពិភាក្សា និងផ្ទៀតផ្ទាត់លទ្ធផលនៃការចុះវាយតម្លៃនេះជាមួយក្រុមការងារមន្ទីរក្នុងការកំណត់ និងឯកភាពនូវលទ្ធផលរួមក្នុងការចាត់ចំណាត់ភូមិគំរូព្រមទាំងបញ្ជាក់បន្ថែមនូវរបៀបនៃការផ្ទៀងផ្ទាត់សៀវភៅទិន្នន័យភូមិ និងការបញ្ចូលប្រាក់ចំណូលគ្រួសារក្នុងប្រព័ន្ធពត៌មានវិទ្យា។