លោក អឿន ធារិទ្ធ ដឹកនាំក្រុមការងារចុះតាមដាន និងពិនិត្យវឌ្ឍនភាពគម្រោង នៅស្រុកស្វាយចេក និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានដឹកនាំក្រុមការងារបច្ចេកទេសនាយកដ្ឋាន ដោយមានការសម្របសម្រួល ពីលោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត ព្រមទាំងមានការចូលរួម ពីមន្រ្តីគម្រោងថ្នាក់ខេត្ត និងក្រុមទីប្រឹក្សាគម្រោង បានចុះតាមដាន និងពិនិត្យ វឌ្ឍនភាពគម្រោងនៅស្រុកស្វាយចេក និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

 

ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោង រួមមាន៖

– ពិនិត្យសំណង់បង្គន់បរិយាបន្នចំនួន ២ខ្នង ៦បន្ទប់ និងអាងស្តុកទឹក នៅក្នុង សាលាបឋមសិក្សាស្វាយចេក ក្នុងគម្រោងបានផ្ដល់ជូនសាលារៀននូវសម្ភារសម្អាត អនាម័យ ផ្សព្វផ្សាយ និងបញ្ជ្រាបអនាម័យ ផ្ដល់ឡដុតសំរាម  ជួសជុលបង្គន់ អនាម័យ១ខ្នង ៤បន្ទប់ ដើម្បីបំពេញលក្ខណៈសម្បត្តិសាលាបឋមសិក្សាស្វាយចេក ឲ្យក្លាយជា “សាលារៀនគំរូ” កម្រិតផ្កាយបី

– ប្រជុំជាមួយក្រុមកសិករ ដើម្បីជជែកពិភាក្សាពីបញ្ហាប្រឈម និងតម្រូវការ

– ពិនិត្យទីតាំងសាងសង់បណ្ណាល័យនិងទីចាត់ការ ៧ម៉ែត្រX១៤ម៉ែត នៅសាលា បឋមសិក្សា និងអនុវិទ្យាល័យតេជោមានឫទ្ធិ

– ពិនត្យទីតាំងស្ដារស្រះទឹកសហគមន៍ទំហំ ៤៥ម៉ែត្រ x ៥៥ម៉ែត្រ និងទីតាំង សាងសង់ស្ថានីយទឹកពីដុង ២០លីត្រ សម្រាប់ផ្គត់ផ្គង់ដល់សហគមន៍

– ពិនិត្យទីតាំងសាងសង់មជ្ឈមណ្ឌលពហុបំណងសហគមន៍

– ជួបសំណេះសំណាលជាមួយប្រធានក្រុមកសិករដាំបន្លែក្នុងផ្ទះសំណាញ់ និងនៅទីវាល ដែលបានទទួលសម្ភារៈ និងបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះ និងថែទាំពីគម្រោង

– ពិនិត្យស្ថានភាពដាំដុះរបស់កសិករដាំបន្លែចម្រុះ នៅទីវាល និងក្នុងផ្ទះសំណាញ់។

 

សូមបញ្ជាក់ដែរថា គម្រោងភូមិសន្តិភាព ក្នងខេត្តបន្ទាយមានជ័យ បាននិងកំពុងអនុវត្តសកម្មភាពក្នុងភូមិចំនួន ១២ភូមិ ៤ឃុំ និង២ស្រុក៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ