
ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មី កម្ពស់៥ជាន់ មាន២៤បន្ទប់ និងសាលប្រជុំមួយព្រមទាំងសមិទ្ធផលនានាក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៍ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មី កម្ពស់៥ជាន់ មាន២៤បន្ទប់ និងសាលប្រជុំមួយព្រមទាំងសមិទ្ធផលនានាក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៍ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស។
វត្តព្រះឥន្ទសាមគ្គីធម៌បានចាប់ផ្តើមកសាង ជាបន្តបន្ទាប់ បន្ទាប់ពីទទួលសេចក្តីសម្រេចបង្កើតជាវត្តនៅឆ្នាំ២០០៩។ បច្ចុប្បន្នវត្តព្រះឥន្ទសាមគ្គីធម៌ សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាពង្រីកទីធ្លាវត្តសរុបផ្ទៃដីចំនួន ២៥ ០០០ម៉ែត្រការ៉េ កសាងព្រះវិហារ១ខ្នង សាលាបុញ្ញសភា១ខ្នង កុដិព្រះសង្ឃ១ខ្នង កម្ពស់៤ជាន់ អគារ សិក្សាកម្ពស់៣ជាន់១ខ្នង អគារសិក្សាកម្ពស់៤ជាន់ ១ខ្នង អគារសិក្សាកម្ពស់៥ជាន់ ១ខ្នង, អគារអន្តេវាសិកដ្ឋានចំនួន១ខ្នង កម្ពស់៣ជាន់, ផ្ទះបាយចំនួន១ខ្នង កម្ពស់៣ជាន់, បង្គន់អនាម័យចំនួន៤ខ្នង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត៕