
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ចំនួន០១ ខ្សែប្រវែងសរុប ២ ៦៥០ម៉ែត្រ ស្ថិតនៅខេត្តព្រៃវែង
- ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានអញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទរួមមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញជួសជុលថែទាំនិងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិនិងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ចំនួន០១ ខ្សែប្រវែងសរុប ២៦៥០ម៉ែត្រ ទទឹង ៦ម៉ែត្រស្ថាបនាលូប្រអប់មុខពីរចំនួន ១កន្លែង, អណ្តូងលូចំនួន៤កន្លែងនិងលូមូលមុខមួយចំនួន២កន្លែង ស្ថិតនៅភូមិព្រហ៊ូត ឃុំព្រៃស្រឡិត ទៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ចុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកញ្ចំ លោកអភិបាល ស្រុកពារាំង លោកមេឃុំនិងក្រុមប្រឹក្សាឃុំកញ្ចំ លោកមេភូមិ និងប្រជាពលរដ្ឋសរុបចំនួន២០០នាក់។
នៅក្នុងពិធីសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួនគឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៥ គឺ៖
១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធ្វើឱ្យគ្រប់ភូមិជនបទមានផ្លូវតភ្ជាប់ និងមានសមាហរណកម្មសេដ្ឋកិច្ចនិងសង្គម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ព្រមទាំងការបណ្តុះបណ្តាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។
៣.អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ ជាពិសេសក្រសួងកំពុងផ្តោត លើការអភិវឌ្ឍភូមិគំរូ ដោយផ្អែកទៅលើសក្តានុពលនិងអំណោយផលផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ នៅតាមសហគមន៍ជនបទ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
៤.លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតឱកាសការងារ និងមុខរបរ ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។
៥.គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល ការពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីរាជការ ស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដោយម្នាក់ទទួលបានក្រម៉ាមួយផងដែរ។ ឯកឧត្តម ក៏បានសំណូមពរឱ្យអាជ្ញាធរភូមិឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋនៅតាមដងផ្លូវចូលរួមសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឱ្យការងារសាងសង់ដំណើរការទៅដោយរលូន៕