![](https://www.mrd.gov.kh/wp-content/uploads/2025/02/photo_2025-02-04_15-32-00-150x150.jpg)
ឯកឧត្ដម បាន បូរ័ត្ន ទទួលជួបលោកស្រី Bemice Seow លេខាទី២ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារ
- ២ ម៉ោងមុន ថ្ងៃទី៦ ខែកុម្ភៈ ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
![](https://www.mrd.gov.kh/wp-content/uploads/2025/02/14.1-1000x667.jpg)
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបលោកស្រី Bemice Seow លេខាទី២ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម បាន បូរ័ត្ន បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋសិង្ហបុរីដែលបានសហការល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលកន្លងមក និងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើ ង និង បច្ចេកវិទ្យា និងបានរៀបចំធ្វើការកំណែទម្រង់ចំនួន ៣ សំខាន់ៗ រួមមាន៖ កំណែទម្រង់ រដ្ឋបាលសាធារណៈ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការដាក់ចេញនូវយុទ្ធសាស្ត្រ និងកំណែទម្រង់ទាំងបីនេះ គឺដើម្បីនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
ឯកឧត្ដមអគ្គនាយក បានបន្តទៀតថា ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលឱ្យសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន ៥ រួមមាន៖
១- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ២-លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ៣-ជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ ៤-លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ៥- ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការបន្ថែម អាស្រ័យហេតុនេះ ឯកឧត្តមអគ្គនាយក បានស្នើសូមស្ថានទូតសិង្ហបុរី ជួយគាំទ្រកម្មវិធីបណ្ដុះបណ្ដាលតារយៈការផ្តល់ជាអាហាររូបករណ៍នានា ជូនក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ជាការឆ្លើយតប លោកស្រី Bemice Seow បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយបានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការនេះតទៅទៀតដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា សិង្ហបូរី បន្ថែមទៀត៕