ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវក្រាល ដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ៣៩៦ ម៉ែត្រ នៅខេត្តសៀមរាប
- ៣ ម៉ោងមុន ថ្ងៃទី៤ ខែកុម្ភៈ ២០២៥
- សកម្មភាពក្រសួង
ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន ជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ៣៩៦ម ស្ថិតនៅភូមិតាគួយ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ពិធីនេះមានការចូលរួម ពីឯកឧត្តមបណ្ឌិតអ្នកឧកញា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌល សៀមរាប និងជាប្រធានកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប,ក្រុមការងារ គ.ត.វ, តំណាងនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ,ក្រុមការងារកងវិស្វកម្ម សម្តេចតេជោខេត្តសៀមរាប,ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប, ក្រុមប្រឹក្សាស្រុក, អភិបាលនៃគណអភិបាលស្រុកអង្គជុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៤៦៨រូប។
ឯកឧត្តមរដ្ឋលេខាធិការ បានសំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានសារ៉ុងមួយ និងអ្នកខ្លះទទួលបានក្រមាមួយ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងការអបអរសាទរ សប្បាយរីករាយ ក្នុងការទទួលបានការស្ថាបនាផ្លូវ០១ខ្សែនៅពេលនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខរាជរដ្ឋាភិបាលផងដែរ៕