ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីជំនាញក្រសួងអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ ១ខ្សែ និងវឌ្ឍនភាពនៃការងារសាងសង់ផ្លូវក្រាលកៅស៊ូ ២ ជាន់ ០១ខ្សែទៀត នៅខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្ដាល៖ នារសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ និងពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ផ្លូវ ០១ខ្សែ នៅក្នុងខេត្តកណ្ដាល ដូចខាងក្រោម៖

ខ្សែផ្លូវទី១ មានប្រវែង ១,៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមប្រជុំ ទៅដល់ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។ ក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ខេត្ត ពិនិត្យលទ្ធភាពដាក់ខ្សែផ្លូវនេះទៅក្នុងផែនការរបស់មន្ទីរដើម្បីស្ថាបនានាពេលខាងមុខ។

ខ្សែផ្លូវទី២ មានប្រវែង ១៩,៥គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំចំនួន ៣ឃុំ គឺឃុំព្រែគយ ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ ។  នៅចុងឆ្នាំ ២០២៣ កន្លងមកនេះ ក្រសួងបានស្ថាបនាជាផ្លូវក្រាលកៅស៊ូ២ ជាន់ បានចំនួន ៧,៧ គម រួចរាល់ ហើយក្នុងឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែង ១,៤គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលមានវឌ្ឍនភាពទើបតែសម្រេចបាន ៥%។ ដោយឡែកកំណាត់ផ្លូវដែលនៅសល់ប្រវែង ៤,០៤គីឡូម៉ែត្រ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានដាក់ចូលទៅក្នុងផែនការស្ថាបនានាឆ្នាំបន្ទាប់។

នាឱកាសនៃការអញ្ជើញចុះពិនិត្យការដ្ឋាននោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសូមការយោគយល់អំពីប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ ក្នុងអំឡុងពេលនៃការស្ថាបនា នាពេលនេះអាចបង្កផលលំបាកបន្តិចបន្ទួចក្នុងការធ្វើដំណើរ ក៏ដូចជាប្រកបរបរប្រចាំថ្ងៃ ក៏ប៉ុន្តែនៅពេលផ្លូវនេះស្ថាបនារួចរាល់ និងអាចផ្តល់ជាអត្ថប្រយោជន៍ជាច្រើនក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់នោះផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ