ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ០១ខ្សែ ប្រវែង២៦៣០ម៉ែត្រ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង
- ២ ម៉ោងមុន ថ្ងៃទី២៤ ខែមករា ២០២៥
- សកម្មភាពក្រសួង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដែលរួមមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញជួសជុលថែទាំនិងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ០១ខ្សែ ប្រវែង២៦៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ សាងសង់លូប្រអប់ចំនួន ២កន្លែង និងលូមូលចំនួន ៣កន្លែង ស្ថិតនៅភូមិគោកសំពៅ ទៅភូមិជន្លាត់ដៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក លោកមេឃុំនិងក្រុមប្រឹក្សាឃុំក្រាំងស្វាយលោកមេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៥៥នាក់។
ក្នុងពិធីសំណេះសំណាល ជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៥ គឺ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធ្វើឱ្យគ្រប់ភូមិជនបទមានផ្លូវតភ្ជាប់ និងមានសមាហរណកម្មសេដ្ឋកិច្ចនិងសង្គម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ព្រមទាំងការបណ្តុះបណ្តាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យ ល្អ បរិស្ថានស្អាត និងផាសុកភាព។
៣. អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ ជាពិសេសក្រសួងកំពុងផ្តោត លើការអភិវឌ្ឍភូមិគំរូ ដោយផ្អែកទៅលើសក្តានុពលនិងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅតាមសហគមន៍ជនបទ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
៤. លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតឱកាសការងារ និងមុខរបរ ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។
៥. គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល ការពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីរាជការ ស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីជូនប្រជាពលរដ្ឋដោយម្នាក់ទទួលបានក្រម៉ាមួយផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តមក៏បានសំណូមពរឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមដងផ្លូវចូលរួមសហការជាមួយក្ក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាឱ្យការងារសាងសង់ដំណើរការទៅដោយរលូន។