ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ១០ នាទីមុន ថ្ងៃទី២៣ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ, លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ សរុបចំនួន ៣១នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ រួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់បំពេញការងារប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានសំណេះសំណាលដោយបានស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការនានា ដើម្បីជួយសម្រួលដល់ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំងអស់ ឱ្យបន្ដខិតខំអនុវត្តការងារសំខាន់ៗ ដូចខាងក្រោម ៖
១. ខិតខំយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពនៃការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនមន្រ្តី ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការការងារជាក់ស្តែង និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាស្ថានទូត និងអង្គការដៃគូនានា
២. បន្តខិតខំបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាបណ្តុះបណ្តាលជំនាញមូលដ្ឋានជូនប្រជាជនក្រីក្រ នៅជនបទ ដើម្បីបង្កើនឱកាសការងារ និងបង្កើតមុខរបរតូចតាចជាលក្ខណៈគ្រួសារ ឱ្យទទួលបានប្រាក់ចំណូលសមរម្យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមាន ការងារធ្វើ”
៣. ត្រូវធ្វើការសិក្សាអំពីតម្រូវការជំនាញបំនិនជីវិតដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង នៃកត្តាភូមិសាស្រ្ត សង្គម និងសេដ្ឋកិច្ចនៅតាមតំបន់ ដោយបញ្ចូលបន្ថែមនូវគំនិតសហគ្រិនភាព និងទីផ្សារនៅគ្រប់មុខជំនាញ សម្រាប់ការបណ្តុះបណ្តាលជំនាញមូលដ្ឋាននៅតាមខេត្តគោលដៅ។
៤. បន្តខិតខំជំរុញការងារស្រាវជ្រាវ និងផ្សព្វផ្សាយនូវរាល់សកម្មភាព និងសមិទ្ធផលការងារដែលក្រសួងសម្រេចបានតាមទូរទស្សន៍ និងបណ្តាញសង្គមនានាឱ្យកាន់តែផុលផុស ជូនដល់សាធារណៈជនទូទៅ សំដៅគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
៥. ត្រូវបន្តរៀបចំរបបប្រជុំឱ្យបានទៀងទាត់ និងត្រូវថែរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ ដែលជាកត្តាដ៏សំខាន់នៅក្នុងអង្គភាព ដើម្បីឆ្ពោះទៅសម្រេចជោគជ័យគ្រប់បេសកកម្មរបស់អង្គភាព៕