ឯកឧត្តម ប៉ែន ពេជ្រសាលី បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការការីតាសអូស្រ្តាលី
- ២ ម៉ោងមុន ថ្ងៃទី២២ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារទទួល ជួប ពិភាក្សាការងារជាមួយប្រតិភូអង្គការការីតាសអូស្រ្តាលី ដែលដឹកនាំ ដោយលោក ច័ន្ទ ភក្តី ជាតំណាងអង្គការការីតាសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ចំពោះប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ មានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ លោក លោកស្រីជាតំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៅសាលប្រជុំ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ជំនួបពិភាក្សានោះ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការការីតាសអូស្រ្តាលី ដែលធ្លាប់បានអនុវត្ត និងសហការតាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២៤ ព្រមទាំងផ្តោតលើកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ កែលម្អកម្រិតជីវភាពសហគមន៍ ទឹកស្អាតនិងអនាម័យ ការកាត់បន្ថយគ្រោះមហន្តរាយ និងយេនឌ័រ។
នៅចុងឆ្នាំ២០២៤កន្លងទៅនេះ អង្គការការីតាសអូស្រ្តាលី បានស្នើសុំផ្អាកការបន្តកិច្ចព្រមព្រៀងជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយហេតុថាចក្ខុវិស័យនិងបេសកកម្ម របស់ការិយាល័យកណ្តាល នៅប្រទេសអូស្រ្តាលីត្រូវបានផ្លាស់ប្តូរ។
ជាមួយគ្នា ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានពន្យល់អំពីផែនការយុទ្ធសាស្រ្តតាមរយៈកម្មវិធីអាទិភាពចំនួន៥របស់ក្រសួង ក្នុងគោលបំណងដើម្បីស្នើសុំបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការការីតាសអូស្រ្តាលីនាពេលអនាគតផងដែរ។