ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប
- ៨ នាទីមុន ថ្ងៃទី២០ ខែមករា ២០២៥
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះផ្ដោតជាសំខាន់ ទៅលើការរៀបចំវេទិកា បញ្ហាប្រឈម និងការកំណត់វិធានការដោះស្រាយ ដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកយកបទបង្ហាញចំនួនពីរ មកបង្ហាញជូនអង្គប្រជុំ ៖
១. រាយការណ៍សង្ខេបអំពីដំណើការ ការរៀបចំវេទិការ និងបញ្ជីបញ្ហាប្រឈមសម្រាប់អនុគណកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប
២.ការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនីមួយៗ និងការកំណត់វិធានការដោះស្រាយបញ្ហាប្រឈមនីមួយៗព្រមទាំងការកំណត់បញ្ហាប្រឈម និងសំណើរសំណូមពរផ្សេងៗចំនួន១៥ចំណុច។
នៅក្នុងឱកាស នៃកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំជ្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ កន្លងមកបានធ្វើការបណ្តុះបណ្តាលមុខងារចំនួន ០២ គឺមុខងារលើកកម្ពស់សេវាអនាម័យជនបទ និងមុខងារជួសជុល និងថែទាំអណ្តូងស្នប់ ជូនទៅរដ្ឋបាលស្រុកគោលដៅ ដែលបានទទួលមុខងារនៅថ្នាក់ក្រោមជាតិចំនួន ២០ តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បានចំនួន ២០វគ្គ។ ទន្ទឹមនឹងនេះដែរ មន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តគោលដៅទាំង៤ ក៏បានគាំទ្រលើផ្នែកបច្ចេកទេស និងសហការយ៉ាងជិតស្និទជាមួយគ្រប់រដ្ឋបាលស្រុកគោលដៅទាំងអស់។ ជាមួយគ្នានេះដែរ ក្រសួងនឹងរៀបចំគម្រោងបណ្តុះបណ្តាល ដោយភ្ជាប់ជាមួយសៀវភៅបទដ្ឋានបច្ចេកទេស ដល់ស្រុកគោលដៅទាំង២០ឡើងវិញបន្ទាប់ពីមានការអាក់ខានកន្លងមកចាប់តាំងពីមានការជំងឺរាតត្បាតកូវីដ១៩៕