ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ
- ៨ នាទីមុន ថ្ងៃទី១៧ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធាន អនុប្រធានការិយាល័យ មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍សរុបចំនួន ៧០នាក់ ស្រី ២៦នាក់។ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឆាយ ឬទ្ធិសែន បានជម្រាបជូនអង្គប្រជុំពី ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោលដំណាក់កាលទី១ មានបាវនាចំនួន៥ គឺកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស,ផ្លូវ,ទឹក,ភ្លើង និងបច្ចេកវិទ្យា(ឌីជីថល)។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តបញ្ជាក់ទៀតថា នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ បានកំណត់ការអភិវឌ្ឍភូមិគំរូក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការលើកកម្ពស់សុខភាព និងអនាម័យ ការអប់រំសីលធម៌ និងការបង្កើនសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។ ជាសមិទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តភូមិគំរូចំនួន ៦៤ភូមិ ក្នុងនោះក្រសួងបានទទួលស្គាល់ជាផ្លូវការភូមិគំរូចំនួន៣០ភូមិ ដែលភូមិទាំងនោះស្ថិតនៅក្នុងខេត្តកំពង់ស្ពី តាកែវ និងត្បូងឃ្មុំ និងភូមិគំរូចំនួន ៣៤ភូមិទៀតកំពុងអនុវត្ត ដែលភូមិទាំងនោះស្ថិតនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ព្រមទាំងភូមិគំរូចំនួន ៤ភូមិទៀតបាននឹងកំពុងដំណើរការស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ក្រសួងបានធ្វើការវាយតម្លៃទៅលើលក្ខណៈសម្បត្តិ “ភូមិគំរូ”ដោយបានផ្តោតទៅលើលក្ខខណ្ឌចំនួន ៥គឺ (១)សេដ្ឋកិច្ច (២) សង្គម និងវប្បធម៌ (៣) សុខភាព និងបរិស្ថានរស់នៅ (៤) ហេដ្ឋារចនាសម្ព័នរូបវ័ន្ត និង (៥) អភិបាលកិច្ច។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវគោលគំនិតគន្លឹះដល់អង្គប្រជុំ ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្កការងាររបស់មន្រ្តីរាជការ ស្របតាមគោលការណ៍“រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាដឹកនាំទទួលខុសត្រូវ”។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍សម្រាប់យកទៅអនុវត្តបន្តដល់អង្គប្រជុំក៏ដូចជានាយកដ្ឋានជំនាញផងដែរ ដើម្បីចូលរួមអនយវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ដោយជោគជ័យ ៕