ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្តារឡើងវិញ ជួសជុលផ្លូវ និងលូ ចំនួន ២គម្រោង

ចែលរំលែក

ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអង្គារ១រោច-ពុធ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្តារឡើងវិញ ជួសជុល ផ្លូវ និងលូ ចំនួន ២គម្រោង ស្ថិតក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមាន៖

១. គម្រោងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ០០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិល្អក់ ទៅភូមិព្រៃឆ្ការ ឃុំពង្រលើ និងជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ២ ០០០ម ស្ថិតនៅភូមិចក ឃុំសង្វើយ ទៅភូមិត្រពាំងរុន ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

២. គម្រោងទី២ ៖ ការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៣ ០០០ម សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៥ម ទទឹង ៨ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

 

ក្នុងឱកាសចុះត្រួតពិនិត្យ វាយតម្លៃ គម្រោងទាំង០២ ខាងលើ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នូវតំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ។

 

លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក នូវគម្រោងទាំង ០២ខាងលើ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ