ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុង ចំនួន១ខ្សែ មានប្រវែង ១៤០០ម៉ែត្រ ក្នុងខេត្តកណ្តាល

ចែលរំលែក

ខេត្តកណ្តាល៖ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដែលរួមមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដើម្បីប្រារព្ធពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុង ចំនួន១ខ្សែ មានប្រវែង ១៤០០ម៉ែត្រ សាងសង់លូមូលចំនួន ៣កន្លែង ស្ថិតនៅភូមិអំពិលលាស់ទៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំនិងក្រុមប្រឹក្សាឃុំក្រាំងយ៉ូវ លោកមេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៥០នាក់។

នៅក្នុងពិធីសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងឱកាសនោះខ្ញុំបាទបានលើកឡើងនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៥ គឺ៖
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធ្វើឱ្យគ្រប់ភូមិជនបទមានផ្លូវតភ្ជាប់ និងមានសមាហរណកម្មសេដ្ឋកិច្ចនិងសង្គម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន ព្រមទាំងការបណ្តុះបណ្តាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យ ល្អ បរិស្ថានស្អាត និងផាសុកភាព។
៣. អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ ជាពិសេសក្រសួងកំពុងផ្តោត លើការអភិវឌ្ឍភូមិគំរូ ដោយផ្អែកទៅលើសក្តានុពលនិងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៅតាមសហគមន៍ជនបទ រួមទាំងសហគមន៍ជនជាតិដើមភាគតិចផងដែរ។
៤. លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតឱកាសការងារ និងមុខរបរ ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។
៥. គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល ការពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីរាជការ ស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័កសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រីជូនប្រជាពលរដ្ឋដោយម្នាក់ទទួលបានក្រម៉ាមួយផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ