កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ចំនួន ២២គម្រោង ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងផ្តល់អនុសាសន៍ដឹកនាំឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ដែលជាសមាភាពនៃគណៈកម្មការនេះ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងកិច្ចការងារអភិវឌ្ឍន៍នៅតំបន់ជនបទ ដើម្បីចូលរួមទៅសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ​ ដើម្បីធានានូវការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
– ថ្នាក់ដឹកនាំគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យជនបទគ្រប់ប្រភេទឱ្យមានភាពធន់ និងប្រើប្រាស់បានយូរ
– ថ្នាក់ដឹកនាំគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពដល់មន្ដ្រីគម្រោងដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព
– លេខាធិការដ្ឋានត្រូវរៀបចំសំណើរគម្រោងបន្ថែមទៀតទៅកាន់ដៃគូអភិវឌ្ឍន៍នានា
– ត្រូវបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីមានការចូលរួម និងធានាដល់ការអភិវឌ្ឍន៍មានប្រសិទ្ធភាព
– សម្រាប់ខ្សែផ្លូវដែលត្រូវជ្រើសរើសថ្មី ត្រូវជ្រើសរើសចេញពីខ្សែផ្លូវដែលមានក្នុងផែនការមេផ្លូវជនបទ និងប្រព័ន្ធបញ្ជីគ្រប់គ្រងសារពើភណ្ឌផ្លូវជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
– រៀបចំផែនការគាំទ្រ និងថែទាំជួសជុលផ្លូវនិងសំណង់សិល្បកា្យជនបទ ព្រមទាំងសមិទ្ធផលនានារបស់គម្រោងក្រោយពេលបញ្ចប់គម្រោង ដើម្បីឱ្យការប្រើប្រាស់មាននិរន្ដរភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ