ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក  អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។

 

យោងតាមរបាយការណ៍របស់ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថាក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ជាកម្មវិធីសម្រាប់គាំទ្រដល់គ្រប់កម្មវិធីដើម្បីពង្រឹងប្រសិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានអនុកម្មវិធីចំនួន ៦,  ចង្កោមសកម្មភាពចំនួន ៥០ និងសូចនាករសមិទ្ធកម្មចំនួន ១៧សូចនាករ ដែលសម្រេចបានលទ្ធផលការងារគួរជាទីមោទនៈ។ បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន។  ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ជាពិសេសការអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីរាជការ ស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដូចខាងក្រោម ៖

ទី១. ត្រូវខិតខំអនុវត្តនូវទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ និងបញ្ចូលនូវធាតុចូលរបស់ថ្នាក់ដឹកនាំដែលបានចូលរួមមតិយោបល់ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥

ទី២.ត្រូវបន្ដពង្រឹងការងាររដ្ឋបាល និងការគ្រប់គ្រងមន្ដ្រី ឱ្យមានប្រសិទ្ធភាព តាមរយៈការរៀបចំឯកសារ បែបបទរដ្ឋបាលជាទម្រង់រួម, ការរៀបចំប្រព័ន្ធលើកទឹកចិត្តមន្ដ្រី, ការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ដ្រី

ទី៣. ត្រូវបន្ដអនុវត្តកំណែទម្រង់ទាំង ៣ប្រភេទ ដែលក្រសួងបាននិងកំពុងអនុវត្ត គឺ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ

ទី៤. ត្រូវបន្ដរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ឱ្យបានរួចរាល់ដោយបុរេសកម្ម

ទី៥. ត្រូវបន្ដជំរុញការអនុវត្តការងារបរិវត្តកម្មឌីជីថល លើកិច្ចការរដ្ឋបាល ឱ្យមានប្រសិទ្ធភាព

ទី៦.  ត្រូវបន្តពង្រឹងការងារត្រួតពិនិត្យ និងអនុវត្តរបបប្រជុំវាយតម្លៃលទ្ធផលការងារឱ្យបានទៀងទាត់ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ

ទី៧. ត្រូវបន្ដបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍, NGOs និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរធនធាន ជួយជំរុញការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅឱ្យកាន់តែប្រសើរឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ