ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ១៧ ម៉ោងមុន ថ្ងៃទី៣ ខែមករា ២០២៥
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានបង្ហាញថា គិតត្រឹមឆ្នាំ ២០២៤ ក្រសួងបានសាងសង់ផ្សារសហគមន៍ជនបទ ចំនួន ៦កន្លែង និងបានបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឬបំណិនជីវិត ដល់ប្រជាពលរដ្ឋជនបទចំនួន ៥៦ ៤៤២ នាក់ ដើម្បីឱ្យប្រជាពលរដ្ឋបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើស្រែចំការ។ បន្ទាប់ពីបានស្ដាប់វឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ តាមភារកិច្ចដែលក្រសួងប្រគល់ជូន។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានបញ្ជាក់ថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមមាលភាពកាន់តែប្រសើរឡើង ដោយយកចិត្តទុកដាក់លើការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋបង្កើនប្រាក់ចំណូល ដើម្បីកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកក្នុងការអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដូចខាងក្រោម ៖
ទី១. ត្រូវខិតខំអនុវត្តនូវទិសដៅការងារដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងឆ្នាំ២០២៥
ទី២.ត្រូវចងក្រងឯកសារកម្មវិធីបណ្ដុះបណ្ដាលឱ្យបានច្បាស់លាស់ ជាពិសេសមេរៀនបទពិសោធន៍ជោគជ័យ ដើម្បីផ្សព្វផ្សាយ និងចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតសម្រាប់ការអនុវត្ត
ទី៣. ត្រូវជំរុញការចងក្រងសហគមន៍បន្ថែមទៀត
ទី៤. ត្រូវពង្រឹងការងារឥណទានជនបទឱ្យមានប្រសិទ្ធភាព ជាពិសេសនៅតាមភូមិគំរូ
ទី៥. ត្រូវបន្ដរៀបចំការតាំងពិព័រណ៍ផលិតផលជនបទ និងចូលរួមតាំងបង្ហាញសមិទ្ធផលជនបទក្នុងពិធីពិព័រណ៍ផ្សេងៗ
ទី៦. ត្រូវបន្តបណ្ដុះបណ្ដាលជំនាញមូលដ្ឋានបន្ថែម ជាពិសេសផ្ដោតលើជំនាញដែលអនុវត្តទទួលបានជោគជ័យនាពេលកន្លងមក
ទី៧. ត្រូវបន្ដបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន, សប្បុរសជន និងភាគីពាក់ព័ន្ធនានា ដើម្បីកៀរគរធនធាន ជួយជំរុញការងារពិពិធកម្មសេដ្ឋកិច្ចជននេះឱ្យកាន់តែប្រសើរឡើង៕