ឯកឧត្តម អ៉ិន ចន្ថា បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ម៉ោង ៣:០៣ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ (TSWG-AWR-Tri-Sectoral Working Group- Agriculture, Water resources and meteorology and Rural development) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមកិច្ចប្រជុំ លេខាធិការដ្ឋាន នៅសាលប្រជុំនាងនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តមសហប្រធាន ឯកឧត្តម លោក លោកស្រីជា សមាជិក សមាជិកា នៃលេខាធិការដ្ឋានត្រី-វិស័យ សរុបអ្នកចូលរួមចំនួន ១១រូប ស្រ្តី ១រូប ។
តំណាងលេខាធិការដ្ឋានត្រី-វិស័យបានធ្វើបទបង្ហាញអំពីការផែនការ អន្តរាគមន៍ អភិវឌ្ឍន៍សហគមន៍ សម្រាប់ឆ្នាំ២០២៥ និងរយៈពេល៥ឆ្នាំ (២០២៥-២០២៩) នៅតាមទីតាំងទាំង៦ ដែលទទួលបានការឯកភាពក្នុងកិច្ចប្រជុំ អន្តរក្រសួងលើកទី៣ នៅក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ និងរួមទាំងពង្រាងសកម្មភាពព្រមព្រៀងគ្នាអនុវត្តបន្ត។ ឯកឧត្តមសហប្រធានបានផ្តល់អនុសាសន៍ ដូចខាងក្រោមសម្រាប់ការអនុវត្តតាមវិស័យនីមួយៗ៖
១. ពិនិត្យនិងរៀបចំផែនការប្រចាំឆ្នាំ២០២៥ និងផែនការ៣ឆ្នាំរំកិល
២. ធ្វើផែនការសកម្មភាពត្រូវអនុវត្តលើ៤ទីតាំង ស្របទៅតាមការកំណត់ចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្រ្តីទាំង៣ក្រសួង
៣.ក្រសួងនីមួយៗត្រូវធ្វើការពិភាក្សាផ្ទៃក្នុងបន្តដើម្បីកំណត់សកម្មភាពសម្រាប់យកទៅអភិវឌ្ឍនៅតាមទីតាំងទាំង៤ក្នុងដំណាក់កាលទី១
៤. ប្រភពថវិកាគឺប្រើប្រាស់ថវិការដ្ឋ (ឆ្នៃ ឬបង្វែរថវិកាពីគម្រោងផ្សេង) នៅតាមក្រសួងនីមួយៗ និងរួមទាំងការគាំទ្រពី DPs/NGOs ដែលពាក់ព័ន្ធផ្សេងៗទៀត
៥. ប្រជុំលេខាធិការដ្ឋានលើកក្រោយសូមអញ្ជើញតំណាងគម្រោង CASDP ចូលរួម
អង្គប្រជុំក៏បានកំណត់កាលបរិច្ឆេទប្រជុំលេខាធិការដ្ឋាននៅថ្ងៃទី២៩/០១/២០២៥ វេលាម៉ោង ៨.៣០ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០.៤៥ នាទី នៅខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាលនិងរីករាយក្រៃលែងប្រកបដោយការទទួលខុសត្រូវខ្ពស់។