ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ
- ៣ ថ្ងៃមុន ថ្ងៃទី៣០ ខែធ្នូ ២០២៤
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ដោយឡែក ឯកឧត្ដម លោកជំទាវ ជាទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting)។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឆាយ ឫទ្ធិសែន បានជម្រាបជូនអង្គប្រជុំអំពីប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលរួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់លើវិស័យផ្សេងៗទៀត។ ជាមួយគ្នានោះផងដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តកំណែទម្រង់ចំនួន ៣ គឺ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើការគ្រប់គ្រង និងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្តិនានា ជាពិសេសផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យទទួលបានជោគជ័យ។
បន្ទាប់ពី ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម ៖
-ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការត្រូវស្រង់បញ្ជីផ្ទេរមុខងារទាំង ១៥ក្រុង ស្រុក ក្នុងខេត្តកំពត ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង
-សូមឱ្យពង្រឹងយន្ដការដែលមានស្រាប់លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយចុះទៅពិនិត្យដោយផ្ទាល់នៅតាមក្រុង ស្រុកគោលដៅក្នុងខេត្ត
-ត្រូវពិនិត្យលទ្ធភាពពង្រីកការងារវិមជ្ឈការ និងវិសហមជ្ឈការទៅលើការអភិវឌ្ឍភូមិគំរូផងដែរ ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើប្រតិភូកម្មមុខងារជូនទៅរដ្ឋបាលក្រុង ស្រុក ចំនួន ១៥ ក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ នូវមុខងារចំនួន ៣ គឺ៖ ១-ការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ២-ការងារជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងទី៣-ការងារថែទាំបង្គន់អនាម័យសាធារណៈ៕