ឯកឧត្តម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំព្រមទាំងមន្រ្ដីរាជការប្រារព្ធពិធីទិវាសន្តិភាព និងទទួលអំណរសាទរឆ្នាំថ្មី ២០២៥

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រារព្ធពិធីជួបជុំពិសារអាហារសាមគ្គីដើម្បី: ទី១. អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” និងខួបលើកទី២៦ នៃនយោបាយឈ្នះ-ឈ្នះ(២៩ ធ្នូ) និងទី២.អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឱ្យមន្ដ្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានសារជូនពរចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងញោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងអំណរគុណចំពោះមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបម្រើជាតិ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងសារជូនពរជូនចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ពិធីដ៏អធិកអធមនាថ្ងៃនេះ បានមកពីគុណបំណាច់នៃសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេងតាមរយៈការយកជីវិតធ្វើជាដើមទុនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា ។ ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងមន្ត្រីរាជការបានប្តេជ្ញាចិត្តបន្តខិតខំបំពេញតួនាទីនិងភារកិច្ចយ៉ាងសកម្មបន្ថែមទៀតក្នុងការចូលរួមអភិវឌ្ឍន៍តំបន់ជនបទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំបន្ដវេនដ៏ឆ្នើមប្រកបដោយបញ្ញាញាណ និងថាមវន្ដ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង់ទោះក្នុងតម្លៃណាក៏ដោយ៕

default

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ