ឯកឧត្តម សាន វិសាល បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ស្ថិតនៅខេត្តកណ្តាល
- ២ ថ្ងៃមុន ថ្ងៃទី២៩ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួត ពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ ប្រវែង សរុប ២៧៨០ម ខ្សែទី១ និងខ្សែទី២ ប្រវែងសរុប ១១២០ម ទទឹង ៥ម ព្រមទាំងខ្សែទី៣ និងខ្សែទី៤ ប្រវែងសរុប ១៦៦០ម ទទឹង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិខ្ពប ភូមិកប៉ាល់គឿង ភូមិព្រែកស៊ឹង និងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2024-No-011)។ គម្រោងនេះ អនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើ ប្រាស់ថវិការជំពូក២១។
លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក គម្រោងខាងលើបញ្ចសុពលភាព។
នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព គម្រោងខាងលើ ឯកឧត្តម សាន វិសាល ព្រមទាំងគណៈកម្មការអន្តរក្រសួង បានជួប សំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពី អាជ្ញាធរ មូលដ្ឋានភូមិឃុំផងដែរ។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹក យ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោក តែងតែបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឆ្លៀតក្នុងជំនួបនេះដែរ ឯកឧត្តមក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយម្នាក់ៗ ទទួល បានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោង បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកប ដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែល តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើ ការងារ អភិវឌ្ឍន៍នូវតំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ទីប្រជុំជន និងទីក្រុងដែរ។