ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ១៥ ម៉ោងមុន ថ្ងៃទី២៥ ខែធ្នូ ២០២៤
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួង, លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting)។
បន្ទាប់ពី ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែធ្នូ, ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយបញ្ជាក់អំពីវឌ្ឍនតាមកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង ក្នុងរយៈពេល១ឆ្នាំ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍េជនបទ សម្រេចបាន ៩៦,៦៦%នៃផែនការប្រចាំឆ្នាំ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបាន ៩៦,៨២% នៃផែនការប្រចាំឆ្នាំ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបាន ៩៨, ៣៨%នៃផែនការប្រចាំឆ្នាំ, និង ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបាន ៩៨, ៤៧%ធៀបនឹងផែនការប្រចាំឆ្នាំ។ ក្រសួងបានដាក់ចេញជាផែនការសម្រាប់ឆ្នាំ២០២៥ ដោយអនុវត្តកម្មវិធីអាទិភាពចំនួន ៥ រួមមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣.ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងតាមតម្រូវការការងារក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីអាទិភាពទាំង ៥ នេះ គឺដើម្បីឱ្យឆ្លើយតបចំគោលដៅ នឹងសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕