ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ និងទិសដៅបន្តស្តីពីការងារជួសជុលជាលក្ខណៈប្រចាំ ជាមួយរាជធានី-ខេត្ត គោលដៅទាំង ១៣

ចែលរំលែក

រាជធានីភ្នំពេញ៖នារសៀលថ្ងៃសុក្រ ៥រោច ខែមិគ្គសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ និងទិសដៅបន្ត ស្តីពីការងារជួសជុលជាលក្ខណៈប្រចាំ ជាមួយរាជធានី-ខេត្ត គោលដៅទាំង ១៣ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង១៣ សរុបចំនួន ៣៩ រូប   ស្រ្តី ២ រូប។

 

បន្ទាប់ពីបទបង្ហាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រៃវែង, ស្វាយរៀង, រតនគិរី អំពីលទ្ធផលការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ រួចមក លោក គង់ ភឿន ប្រធាននាយកដ្ឋាននាយកដ្ឋានផ្លូវលំជនបទ បានលើកឡើងថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ ហើយក៍ជាលើកទី១ដែរសម្រាប់ជួបប្រជុំរវាងថ្នាក់ដឹកនាំទទួលបន្ទុក ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ ហើយលោកក៍បានបញ្ជាក់អំពីការងារបច្ចេកទេសផ្លូវជនបទ និងការងារថែទាំប្រចាំ ដែលផ្តោតលើបទដ្ឋានបច្ចេកទេសផ្លូវជនបទ, ថវិកាសម្រាប់អនុវត្តអំឡុងពេលមានគ្រោះធម្មជាតិ,ថវិកាសម្រាប់ការថែទាំផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានផ្តល់នូវចំណុចមួយចំនួនសម្រាប់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទអនុវត្តបន្ត៖

-សូមយកចិត្តទុកដាក់ក្នុងការកែទម្រង់ការងារ ដោយត្រូវពង្រឹងការអនុវត្តការថែទាំជាប្រចាំឱ្យមានគុណភាព

-បង្កើនការថែទាំ និងរក្សាគុណភាពផ្លូវ

-ធានាថាមានគ្រឿងចក្រ និងឧបករណ៍គ្រប់គ្រាន់ ក្នុងការអនុវត្តការថែទាំប្រចាំ ជៀសវាងការផ្ទេការងារបន្ត( Sub contract)

-ការថែទាំជាប្រចាំ គឺជាការងារដែលត្រូវឆ្លើយតបទៅលើផ្លូវដែលបានខូចខាតតិចតួច ដែលបណ្តាលមកពីបញ្ហាចរាចរណ៍ និងការប៉ះពាល់ផ្នែកបរិស្ថាន ដូចជាការជួសជុល ស្នាមប្រេះ, ការបិទប៉ះបន្តិចបន្តួច  និងការជួសជុលធ្នេរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ