ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន ២គម្រោង នៅស្រុកចំការលើ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម
- ៣ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តកំពង់ចាម ៖ នាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំខួបផ្លូវចំនួន ២គម្រោង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម រួមមានដូចខាងក្រោម ៖
១. គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវក្រាលកៅស៊ូពីរជាន់ DBST បន្ថែមពីលើ (Reseal DBST) ចំនួន១ខ្សែ ប្រវែង ១១ ៥២០ម៉ែត្រ ព្រមទាំងគំនូសចរាចរណ៍ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
២. គម្រោងទី២ ៖ ការងារថែទាំខួបផ្លូវចំនួន ៣ខ្សែ ក្រាលល្បាយក្រួស ប្រវែងសរុប ១៨ ០៥០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងឃុំស្នុរដំបង ឃុំផ្តៅជុំ ឃុំសូទិព្វ និងឃុំដងក្តារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕