ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានដឹកនាំគណ:ប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃការងារផ្លូវថែទាំខួបដោយក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែ មានប្រវែងសរុប៩៣០០ម៉ែត្រ ក្នុងខេត្តកែប
- ៤ ម៉ោងមុន ថ្ងៃទី២១ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តកែប៖ នាថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:ប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃការងារផ្លូវថែទាំខួបដោយក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែ មានប្រវែងសរុប៩៣០០ម៉ែត្រទទឹងខ្នងលើប្រវែង៤ម៉ែត្រ កម្រាស់ ០,២ម៉ែត្រនិងសាងសង់លូប្រអប់មុខពីរចំនួន១កន្លែង ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប ដែលសមាសភាពចូលរួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែបដែលជាអ្នកទទួលការ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ខ្ញុំបាទក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ។
បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារ១០០% ចំពោះការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសនិងក្រាលល្បាយថ្មភ្នំចំនួន៣ខ្សែមានប្រវែងសរុប៩៣០០ម៉ែត្រតាមការស្នើសុំរបស់អ្នកទទួលការ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរដល់ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្តកែបធ្វើការត្រួតពិនិត្យលើការងារថែទាំនិងជួសជុលផ្លូវទាំង៣ខ្សែខាងលើឱ្យបានល្អដើម្បីឱ្យមានគុណភាពនិងសោភណ្ឌភាពក្នុងរយៈពេល៦ខែបន្តទៀតទៅតាមកិច្ចសន្យាដោយសហការជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចូលរួមថែទាំកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនេះឱ្យប្រើប្រាស់បានយូរអង្វែង៕