ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
- ១ ថ្ងៃមុន ថ្ងៃទី២០ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តកំពត៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ , ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ សរុប ៤០ រូប ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងការចូលរួមមតិយោបល់ពីគណ:អធិបតី និងមន្រ្តីជំនាញ រួចមក អង្គប្រជុំបានសម្រេចជាលទ្ធផលដូចខាងក្រោម៖
-ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ត្រូវធ្វើការកែសម្រួលទម្រង់ របាយការណ៍ឡើងវិញ អោយស្របតាមការណែនាំរបស់ក្រសួង។
-ខ្លឹមសារនៃរបាយការណ៍ ត្រូវផ្តោតជាសំខាន់លើកម្មវិធីអាទិភាពទាំង៤ ដោយរំលេចពីសមិទ្ធផលដែលសម្រេចបានតាមកម្មវិធីនីមួយៗ គិតជាភាគរយ ធៀបនឹងកញ្ចប់ថវិកាដែលបានចំណាយ ក្នុងឆ្នាំ២០២៤ ។
-សម្រាប់ឆ្នាំ២០២៥ ដែលមានកម្មវិធីចំនួន ៥ ជាមួយនឹងអ្វីដែលនៅសេសសល់ពីឆ្នាំ២០២៤ ត្រូវបន្តអនុវត្តអោយសម្រេចបានតាមផែនការដែលបានកំណត់ ជាពិសេសសកម្មភាពជំរុញ ចលនាភូមិគំរូ ដែលជាកម្មវិធីថ្មី ។
-សម្រាប់ខេត្តកំពត ត្រូវពន្លឿនការងារ ODF អោយបានមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ ដោយពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត និងអង្គការដៃគូរួចរាល់
-ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីជំនាញ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ព្រមទាំងពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃមន្ទីរក្នុងអោយបានល្អ ព្រមទាំងគោរពវិន័យ ពេលវេលាអោយបានត្រឹមត្រូវ និងទៀងទាត់រៀងរាល់ម៉ោងធ្វើការ ។