លោក ហែម សុវណ្ណ អញ្ជើញចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ
- ៤ ថ្ងៃមុន ថ្ងៃទី១៧ ខែធ្នូ ២០២៤
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ហែម សុវណ្ណ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងជាប្រធានក្រុមសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចូលរួមកម្មវិធីទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ ស្ថិតនៅភូមិរទៀង ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
កម្មវិធីនេះមានគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា(CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង ដោយមានការចូលរួមពី ក្រុមការងារសម្របសម្រួលគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ឃុំ ភូមិ និងកសិករគំរូសរុបចំនួន ៤១នាក់ ស្រី ១៧នាក់។
បញ្ជាក់៖គម្រោងភូមិសន្តិភាពបានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលក្នុងគោលដៅខេត្តបាត់ដំបង បានជ្រើសរើសមេក្រុមកសិករគំរូចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផលិតផលផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព។
ក្រុមការងារគម្រោងក៏បន្តចុះផ្ដល់ប្រឹក្សាបច្ចេកទេសដល់សមាជិកជាបន្ដបន្ទាប់ និងលើកទឹកចិត្តឱ្យកសិករដាំដុះបន្ថែមទៀត និងរៀបចំផែនការដើម្បីបង្កើត និងប្រមូលចងក្រងជាបណ្តុំបន្លែ។