ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង១ ២០០ម៉ែត្រ

ចែលរំលែក

ខេត្តកណ្ដាល៖នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង១ ២០០ម៉ែត្រ ទទឹង៧ម៉ែត្រ, កម្រាស់០,២ម៉ែត្រ ស្ថាបនាខឿនចិញ្ចើមផ្លូវប្រវែង ៧៥៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

 

បន្ទាប់ពីត្រួតពិនិត្យ គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សា និងបានឯកភាពទទួលយកការបញ្ចប់សុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ