ឯកឧត្តម ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ
- ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។
សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៤រូប ស្រីចំនួន ៦រូប។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បទបង្ហាញរបស់អង្គការដៃគូ និងការចូលរួមមតិរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរមួយចំនួនរួចមក ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងអង្គការដៃគូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានជម្រាបអំពីសមិទ្ធផលថ្មីៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយថាមវ័ន្តរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់៖ ភូមិគំរូ ចំនួន ៣០ភូមិ នៅក្នុងខេត្តចំនួន៣ គីខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដែលមានភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ ដែលមានលក្ខណៈស្របតាមប្រកាសស្ដីពី ការកំណត់លក្ខណសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ”។
បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវយកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។