ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង
- ៦ ម៉ោងមុន ថ្ងៃទី១១ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោកប្រធាន-អនុប្រធានមន្ទីរនិងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងចូលរួមចំនួន ៣៥រូប។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្តីដែលបានខិតខំបំពេញភារកិច្ចអនុវត្តការងារទៅតាមផែនការសកម្មភាពដែលបានដាក់ចេញដោយភាពទទួលខុសត្រូវខ្ពស់ ព្រមទាំងបានពាំនាំនូវសារផ្ដាំផ្ញើរ និងសេចក្តីនឹករលឹក ដោយការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។
ឯកឧត្តម ក៏បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនិងការអនុវត្តកម្មវិធីទាំង៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តន៍នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ រួមជាមួយកម្មវិធីចំនួន៥ ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងត្រូវអនុវត្តនៅឆ្នាំ២០២៥ ខាងមុខនេះរួមមាន៖
១.អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់
២.ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព
៣.ការអភិវឌ្ឍសហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូ
៤.ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ
៥.ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងឆ្នាំ២០២៥ ដូចខាងក្រោម៖
-ការពង្រឹងគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍នៅជនបទ
-សម្របសម្រួលនិងសហការអនុវត្តន៍កម្មវិធីជាមួយអង្គការមិនមែនរដ្ឋាភិបាលឲ្យបានល្អ
-ជំរុញសកម្មភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសទទួលស្គាល់ខេត្ត បាត់ដំបងជាខេត្ត ODF នៅក្នុងខែមីនា ឆ្នាំ២០២៥
-ពង្រឹងសណ្តាប់ធ្នាប់និងរបៀប របបធ្វើការងាររបស់មន្ទីរឲ្យបានល្អ
-បង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានកន្លងមកឲ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ
-ការពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុងរបស់មន្ទីរឲ្យបានរឹងមាំ៕