ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ”

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម ជាថ្នាក់ដឹកនាំ ទទួលបន្ទុកកម្មវិធីទី២ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទជាច្រើនរូប។

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ បានបង្ហាញឱ្យឃើញថា គិតត្រឹមចុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដោយសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយជាផែនការនៅត្រឹមឆ្នាំ២០៣០ នឹងសម្រេចឱ្យបាន ១០០%។ ជាការកត់សម្គាល់ សមិទ្ធផលនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) គិតត្រឹមចុងឆ្នាំ២០២៤ នេះដែរ មានរាជធានី ខេត្ត ចំនួន ១៣ខេត្តហើយ ដែលនឹងសម្រេច ODF និងមានរាជធានីភ្នំពេញទទួលបាន (ODF Plus) និងគ្រោងធ្វើពិធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ជាខេត្ត ODF ទី១៤ នៅថ្ងៃទី១៦ ខែធ្នូនេះខាងមុខនេះ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សមិទ្ធផលការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់វេទិកាពិភាក្សាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមដើម្បីឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសមិទ្ធផលទាំងនេះ គឺដោយសារកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក្នុងនីតិកាលកន្លងមក និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ