ឯកឧត្តម ឈឹម សៅគី អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ
- ៤ ម៉ោងមុន ថ្ងៃទី៤ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាស្ដីពី ការត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ។
ឯកឧត្តម ឈឹម សៅគី បានកោតសរសើរចំពោះ ក្រុមការងារបច្ចេកទេសដែលបានរៀបចំបទដ្ឋានបច្ចេកទេសផ្លូវជនបទ និងសិក្ខាសាលានេះឡើង ប្រកបដោយភាពជោគជ័យ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ និងអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមយ៉ាងផុលផុស ផ្ដល់មតិយោបល់ ដោយផ្អែកលើជំនាញ និងបទពិសោធន៍ ដែលជាធាតុចូលល្អៗ សម្រាប់បំពេញបន្ថែមបទដ្ឋានបច្ចេកទេសផ្លូវជនបទនេះ ឱ្យកាន់តែល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានរំលឹកជូនអង្គសិក្ខាសាលាអំពីស្ថានភាពផ្លូវជនបទកាលពី ២០ ឬ៣០ឆ្នាំមុន ដែលមានលក្ខណៈតូចចង្អៀត និងបង្កការលំបាកគ្រប់បែបយ៉ាង ក្នុងការធ្វើដំណើរ។ តែក្រោយមក ភាពលំបាកទាំងនោះត្រូវបានលុបបំបាត់ ដោយសារមានការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការបន្ដវេនដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ន បានធ្វើឱ្យតំបន់ជនបទ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ដទៀតថា បទដ្ឋានបច្ចេកទេសនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់ ដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ឱ្យមានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ជាពិសេសតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ៕