ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ
- ២៣ ម៉ោងមុន ថ្ងៃទី៣ ខែធ្នូ ២០២៤
- សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នាថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥៥នាក់។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លីវ សំណាង ប្រធានមន្ទីររួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ (២០១៩-២០២៣) ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៤ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (ទី៣) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
លើសពីនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបថា ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ៥ឆ្នាំ (២០២៤-២០២៨) ដែលបានកំណត់ចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី “(១) បង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើនសុខមាលភាពគ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៥ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ (ទី២) លើកកម្ពស់សុខមាលភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ប្រកបដោយនិរន្តភាព (ទី៣) អភិវឌ្ឍន៍សហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដែលបានខិតខំជំរុញឱ្យខេត្តតាកែវ អាចបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នឹងឈានទៅប្រកាសជាផ្លូវការ ស្តីពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ខាងមុខនេះ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕