ឯកឧត្ដម ឆាយ ឫទ្ធិសែន បន្តអញ្ជើញទៅពិនិត្យវឌ្ឍនភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
- ៤៥ នាទីមុន ថ្ងៃទី២៩ ខែវិច្ឆិកា ២០២៤
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), តំណាងអង្គការទស្សនពិភពលោក, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅតាមទីតាំងមួយចំនួន រួមមាន៖ បង្គន់អនាម័យបរិយាបន្ន ១ខ្នង មាន ៣បន្ទប់ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង, ពិនិត្យស្ថានភាពដាំបន្លែរបស់ក្រុមកសិករ ២កន្លែង ក្នុងភូមិល្វា និងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ មានក្រុមកសិករចំនួន ៤ក្រុម សមាជិកសរុប ៦៦នាក់ ព្រមទាំងបានពិនិត្យទីកន្លែងលក់បន្លែសហគមន៍ ១កន្លែង ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ដែលមានសមាជិកលក់បន្លែសរុប ១៥៣នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារ ជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ជូនផងដែរថា ទីតាំងដែលពិនិត្យស្ថានភាពនាឱកាសនោះ គឺស្ថិតនៅក្នុងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួមមាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។ ទីតាំងទាំងនេះ កាលពីអតីតកាលជាដែលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់ឱ្យមានការអភិវឌ្ឍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរសប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ន៕