ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ នៅខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ២ ១០០ម ស្ថិតនៅភូមិថ្មី ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

 

នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ខាងលើ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន។

 

ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នូវតំបន់ជនបទឲ្យមានភាពរីកចម្រើន និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីប្រជុំជន។

 

លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក១០០% នូវគម្រោងខាងលើ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ