ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សលើការវិភាគមុខងារស្ថាប័ន ចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឆ្នាំ២០២៥”
- ៥ នាទីមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សលើការវិភាគមុខងារស្ថាប័ន ចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឆ្នាំ២០២៥”។
ក្នុងពិធីបើកសិក្ខាសាលានោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ, ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ, ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការមកពីគ្រប់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តទាំង ១១ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ក្នុងគោលបំណង ត្រួតពិនិត្យឡើងវិញលើលទ្ធផលការងារឆ្នាំ២០២៤ និងដាក់ចេញនូវចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋានឆ្ពោះទៅកាន់ភូមិគំរូ ឆ្នាំ២០២៥ និងត្រូវខិតខំអនុវត្តឱ្យបានជោគជ័យតាមទិសស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ ”។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករព្ញក ព្រមទាំងពរសព្ទសាធុការ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនចំពោះអង្គសិក្ខាសាលាទាំងមូល ព្រមទាំងបានមានប្រសាសន៍ថាអង្គសិក្ខាសាលា បានដាក់ចេញនូវចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋានឆ្ពោះទៅកាន់ភូមិគំរូ ឆ្នាំ២០២៥ ដោយរាល់ការងារបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ១១ ខេត្ត ត្រូវសម្រួចតម្រង់ឆ្ពោះទៅ “គ្រប់ភូមិគំរូនៅតាមបណ្តាលខេត្តគោលដៅ” ដើម្បីចូលរួមគាំទ្រចលនាភូមិគំរូ ក្នុងនោះត្រូវផ្តល់ការបណ្តុះបណ្តាលយ៉ាងតិច ៣-៥ វគ្គ ក្នុងមួយភូមិគំរូ ស្របតាមតម្រូវការប្រភេទជំនាញជាក់ស្តែង៕